ប្រវត្តិសង្ខេបរបស់អ្នកចម្រៀងរាជនីសំនៀងមាស រស់ សិរីសុទ្ធា
ភ្នំពេញ: ខេត្តបាត់ដំបង ជាទឹកដីបណ្តុះអ្នកប្រាជ្ញ
តារាភាពយន្ត តារាចម្រៀង និងកវីនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា ចាប់តាំងពីអតីតកាល
មុនសម័យអង្គរ រហូតបច្ចុប្បន្ន។ ដោយសារតែទឹកដីបាត់ដំបង ជាជម្រកអ្នកប្រាជ្ញ
និងសិល្បករ ដែលមានទេពកោសល្យខ្ពង់ខ្ពស់ប្រចាំប្រទេស នាំឲ្យខេត្តបាត់ដំបង បានក្លាយជាវាលពិឃាដអ្នកប្រាជ្ញ
ក្នុងសម័យកាលដែលថៃបានចូលលុកលុយប្រទេសកម្ពុជា និងក្នុងយុគសម័យ អង្គការបដិវត្តន៍
ខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
តារា និងអ្នកនិពន្ធល្បីៗ ដែលខ្ញុំស្គាល់ហើយ ដែលមានកំណើត
ជាអ្នកខេត្តបាត់ដំបង មានតារាភាពយន្ត អ៊ី គិមសួ ( ជំនាន់ ទសវត្សរ៍៦០ ) អ្នកស្រី ទិត្យ វិជ្ជរាដានី ( ជំនាន់ ទសវត្សរ៍ ៧០ ) លោក ទេព រិនដារ៉ូ ( ជំនាន់ ទសវត្សរ៍
៨០ និង ៩០ ) តារាចម្រៀង អ្នកស្រី ម៉ៅ សារេត លោក អ៊ឹម សុងសឺម
អ្នកស្រី ហួយ មាស អ្នកស្រី ប៉ែន រ៉ន និងប្អូនស្រីទាំងបី ( អ្នកស្រីប៉ែន រ៉ម អ្នកស្រី
ប៉ែន រ៉ាំ និង អ្នកស្រី ប៉ែន ចន្ថា ) អ្នកស្រី រស់
សិរីសុទ្ធា និងប្អូនស្រី អ្នកស្រី រស់ សិរីសោភ័ណ, ស្មៀន
ឆោមឆន និងកូនបីនាក់ ដែលជាតារាចម្រៀង ( មានអ្នកស្រី ឆោម ឆវិន ជាម្តាយ របស់តារាចម្រៀង
ឆោម ឆពុំ, លោក ឆោម ប៊ុនយ៉ុង និងអ្នកនាង ឆោមនិមល ) លោក
រ៉ម រើន លោក កែវ សារ៉ាត់ អ្នកនាង អឿន ស្រីមុំ អ្នកនាង
សួន ចន្ថា លោក រិន សាវេត លោក សេន រ៉ានុត អ្នកនាង ឆៃលី ដាឡែន អ្នកនាង អ៊ិម ស្រីពៅ
និងអ្នកនិពន្ធ លោក គង្គ ប៊ុនឈឿន លោក នូ ហាច លោក ញ៉ុក ថែម លោកគ្រូ អាចារ្យ ប៊ុត
សាវង្ស លោក ឆាន ឈួ ជាដើម ។
យ៉ាងណាមិញ អ្នកស្រី រស់ សិរីសុទ្ធា
ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ ឆ្នាំ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯកយ៉ាងឆ្នើមបំផុត
របស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត។
កំពូលរាជនីសម្លេងមាស អ្នកស្រី រស់ សិរីសុទ្ធា មានកំណើត
នៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំចរ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង
ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ កាលនៅកុមារភាព អ្នកស្រី បានចូលរៀន
នៅសាលាបឋមសិក្សាទក្ខិណសាលា រួចបានប្រឡងជាប់ ចូលរៀននៅអនុវិទ្យាល័យនារី នេតយ៉ង់
នៅឆ្នាំ១៩៦២ ។ កាលនោះ ខ្ញុំនៅក្មេងជាងគាត់ច្រើនឆ្នាំ
តែធ្លាប់ទៅមកនឹងគ្នាជិតដិតជាប្រចាំ ព្រោះយើងនៅដីភូមិមិនឆ្ងាយពីគ្នាប៉ុន្មានទេ
ជាពិសេសទៅទៀត គឺលោកឪពុក របស់ខ្ញុំឈ្មោះ សាស្ត្រាចារ្យ ប៊ុន ថង ក៏ជាគ្រូបង្រៀនរបស់កុមារីសុទ្ធានោះដែរ
។
បន្ថែមពីលើនោះ លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិរាប់អានគ្នាជិតដិតជាមួយលោកឪពុក
របស់អ្នកស្រី សុទ្ធា ឈ្មោះ លោកគ្រូ រស់ ប៊ុន ដែលជាលោកគ្រូភ្លេងខ្មែរផង ជាលោកគ្រូស្តោះផ្លុំយ៉ាងល្បីមួយរូបផង។
លោកឪពុករបស់ខ្ញុំ ជាមនុស្សល្បីខាងសម្បូររឿងកំប្លែង និទានឱ្យអ្នកស្រុកស្តាប់សើចគាំងពោះ
មិនចេះអស់រឿង។ គាត់ចូលចិត្តវាយស្គរ លេងចាប៉ី ហើយចូលចិត្ត ឡើងសម្តែង លើវេទិកាលេងជាមួយលោកតា
រស់ ប៊ុន ដោះប្រស្នា ប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។
លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតិតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង
ហើយទើបនឹង ធ្វើមរណកាលទៅនៅឆ្នាំ១៩៩៥។ រីឯម្តាយ របស់ អ្នកស្រី រស់ សិរីសុទ្ធា
មានឈ្មោះ ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានធ្វើមរណកាលទៅ
នៅសម័យខ្មែរក្រហម។
អ្នកស្រី សុទ្ធា ជាកូនទីបួន ក្នុងចំណោម បងប្អូនទាំងអស់
៥នាក់ ។ បងស្រីទីមួយ ឈ្មោះ រស់ សំបឿន សព្វថ្ងៃ រស់នៅបាត់ដំបង ក្នុងវ័យប្រហែល
៧០ឆ្នាំ។ បងស្រីទី២ មានឈ្មោះ រស់ សំបឿត សព្វថ្ងៃ រស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ
៧០ ឆ្នាំដែរ។ បងប្រុសទីបី ឈ្មោះ រស់ សុគុណ បានចែកស្ថានទៅ នៅសម័យខ្មែរក្រហម។
ចំណែកប្អូនស្រីពៅមានឈ្មោះ រស់ សោភ័ណ ក្រោយមកបានដូរទៅជា រស់ សិរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ
ជំនាន់បន្ទាប់ពីអ្នកស្រី រស់ សិរីសុទ្ធា។ អ្នកស្រី រស់ សេរីសោភ័ណ ជាអ្នកចម្រៀង ប្រចាំកងពលតូចលេខមួយ
នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើមរបស់លោក អ៊ុក ស៊ីណារេត ដែលជាតន្ត្រីករ
ដ៏ល្បីល្បាញមួយរូបនៅប្រទេសយើងដែរ។
កាលនៅវ័យសិក្សា អ្នកស្រី
រស់ សិរីសុទ្ធា មាននាម ក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ
អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសម្លេងស្រួយហើយពិរោះដូចសត្វរៃកណ្តឹង។
ការពិត ពេលអ្នកស្រីសន្ទនាគឺមានសម្លេងធម្មតា មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀងម្តងៗវិញគឺសម្លេងស្រួយមុត ចាក់ត្រចៀក ហើយជាសម្លេងខ្ពស់កម្រមាននារីណាម្នាក់អាចច្រៀងដល់កម្រិតនោះ
ហើយអាចរក្សាសម្លេងស្រួយមុតបាន ដូចអ្នកស្រីសុទ្ធាណាស់។
កាលណោះ អ្នកស្រីចូលចិត្តបរិភោគ ផ្លែឈើខ្ចីៗទ្រនាប់ប្រហុកចិញ្ច្រាំដាក់ម្ទេសហឹរៗ
ហើយចៃដន្យ នៅផ្ទះរបស់ខ្ញុំមានដើមកន្ទួតមានស្វាយ ឱករ៉ងមានល្មុតមានចេកនិងផ្លែទឹកដោះជាដើមដែលគាត់ឧស្សាហ៍
មកសុំពីម្តាយរបស់ខ្ញុំជាញឹកញាប់ ដើម្បីយកមកបរិភោគលេងជាមួយប្រហុក។នៅពេលនោះ
ម្តាយរបស់ខ្ញុំ តែងទាមទារ ឱ្យបងរៃ ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះជានិច្ច។
ពួកយើងក៏បានអង្គុយស្តាប់គាត់ច្រៀងយ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណីជុំគ្នាជាញាតិផង។យុវតី
រស់ សិរីសុទ្ធា មានមាឌខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខ ញញឹមជានិច្ច
ថ្វីបើមានឱកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់
មិនសូវនរណាបានដឹងនូវអារម្មណ៍ពិតប្រាកដរបស់នាងឡើយ។
ម្យ៉ាងទៀត រស់ សិរីសុទ្ធា ក៏មិនមែន ជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ
តែជាមនុស្សមានសម្តីជាក់លាក់ម៉ឺងម៉ាត់ ធ្វើការម៉ឺងម៉ាត់ ហើយឧស្សាហ៍ បំពេញការងារ
ដោយមិនបាច់ ដាស់តឿនច្រើន ។ នៅឯ សាលារៀនវិញ សុទ្ធា ជាសិស្ស ឆ្លៀវឆ្លាតមួយរូប ហើយក៏
ជាសិស្សនារី ដែលពូកែលេងកីឡាបំផុត។ ថ្វីបើយុវតីបានចូលរៀនវិទ្យាល័យនេតយ៉ង់
ជំនាន់ក្រោយ អ្នកស្រី ប៉ែនរ៉ន និងអ្នកស្រី ហួយ មាស តែសុទ្ធា មានឈ្មោះ បោះសំឡេង
ក្នុងវិទ្យាល័យយ៉ាងរហ័សជាងអ្នកទាំងពីរ ព្រោះដោយសារសំនៀងដ៏ពិរោះរបស់យុវតី
និងដោយសារភាពរួសរាយជារបៀបអ្នកកីឡា យ៉ាងក្លាហាននោះផង។
កាល សុទ្ធា នៅតូចសេចក្តីលោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ
និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារីសុទ្ធាទេ ដែលមានអំណោយទានជាងគេ
ផ្នែកចម្រៀង ទើបលោកចេះតែយកដើរ តាមជាមួយនៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានាខាងក្រៅ។
ដោយការខ្វះខាត ក្នុងគ្រួសារ កុមារីសុទ្ធា ត្រូវបង្ខំចិត្ត ជួយឪពុក រកប្រាក់ ផ្គត់ផ្គង់គ្រួសារតាំងពីនៅកុមារភាព។
ជាពិសេស បំផុតនោះគឺលោកតា រស់ប៊ុន មានភរិយា ផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន
ដែលត្រូវទំនុកបំរុងបន្ថែមផង។ ម្យ៉ាងទៀតក្រុមគ្រួសាររបស់កុមារីសុទ្ធា
មិនមាននរណាមានសមត្ថភាពខាងការសិក្សាដែរ មានតែកុមារីសុទ្ធាទេ ដែលរៀនដុះដាលជាងគេ
គឺរៀនពូកែដោយមិនបាច់បង្ខំជ្រោមជ្រែងពីក្រោយប៉ុន្មាន។ ចំណេរក្រោយមកនៅឆ្នាំ១៩៦៣
នៅក្នុងវ័យជំទង់ ១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាសលេខមួយ ប្រចាំខេត្តក្នុងឱកាសពិធីប្រឡងចម្រៀង
ពេលបុណ្យចូលឆ្នាំ។
កាលនោះអ្នកស្រី ច្រៀងចម្រៀងបីបទ បទទីមួយជាបទច្រៀងប្រកួតប្រជែង
មានចំណងជើងថា ចិត្តម្តាយ ( ជាបទដើមរបស់អ្នកស្រី កែវ មន្ថា ) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ
ជាបទដើមរបស់អ្នកស្រី ម៉ៅ សារេត និងចុងក្រោយ គឺបទទីបី ច្រៀងជាកត្តិយស ឈ្មោះ
ខ្ទមជរា ជាបទដើមរបស់ អ្នកស្រី ម៉ៅសារេត ដដែល ។
ក្នុងឱកាសនោះដែរ កូនប្រុសកម្លោះ របស់លោកឧកញ៉ាគេហបតី
គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេនៅក្រុងបាត់ដំបង ដែលទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំង
បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យសំនៀងយ៉ាងពិរោះ កម្លោះយើងបានចាប់អារម្មណ៍យ៉ាងខ្លាំង
ទៅលើរូបកញ្ញាសុទ្ធា។
ខ្ញុំសូមអភ័យទោស ដោយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍
នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះរបស់លោកកំលោះម្នាក់នោះច្បាស់លាស់ពិតប្រាកដ
ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុកជាប់លាប់ផង ម្ល៉ោះហើយខ្ញុំចាំតែមុខរបស់លោកតែប៉ុណ្ណោះ
តែខ្ញុំស្គាល់លោកតា គី ស៊ានហូ ជាឪពុកនោះច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀនកាត់មុខវិឡារបស់លោកត្រូវលោកស្រែកហៅខ្ញុំ
សួរលេងរកលោកឪពុករបស់ខ្ញុំព្រឹកល្ងាចៗ គឺលោកតា គី ស៊ានហូ ឧស្សាហ៍ទៅមករាប់អានលោកឪពុករបស់ខ្ញុំជិតដិតណាស់ដែរ
ព្រោះអីផ្ទះរបស់ខ្ញុំក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មាន ហើយលោកឪពុករបស់ខ្ញុំ
ក៏ជាសាស្ត្រាចារ្យដ៏ល្បី មានប្រជាប្រិយភាពមួយរូប ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់
ហើយចូលចិត្តហៅរកលោកជានិច្ច។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា
ឱ្យទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍កូនកម្លោះរបស់លោក គី ស៊ានហូ អាយុប្រមាណ ២៤ឆ្នាំ
ដែលទើបបញ្ជប់ការសិក្សា ផ្នែកវិស្វកម្ម មកពីប៉ារីសនោះ។ គេក៏បានសន្យាផ្តល់តម្លៃ
សេវាច្រៀងកំដរ យ៉ាងខ្ពស់ល្មមឱ្យក្រុមគ្រួសារក្រីក្រ ដូចលោកតា រស់ ប៊ុន មិនហ៊ានប្រកែកថាមិនឱ្យនាងទៅ។
កាលនោះ គេមិនបានអញ្ជើញ លោកតា រស់ ប៊ុន ជាឪពុកទេ ត្បិតគេចង់បានតែអ្នកចម្រៀងប៉ុណ្ណោះ។
គ្រានោះ លោកយាយ សា មៀន បានប្រកែកមិនឱ្យកូនទៅទេ ត្បិតនៅក្មេងៗពេក មិនចង់ឱ្យចេញដើរហើរយប់ព្រលប់
តែលោកតា រស់ ប៊ុន មិនស្តាប់ឡើយ។ ដោយសារលោកគិតថាកូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង
ដោយសារចង់ឱ្យកូនស្រីល្បីឈ្មោះនៅក្នុងចំណោមសង្គម គេហបតីអភិជនផង និងដោយសារការគោរពចំពោះគ្រួសារលោកឱកញ៉ា
គេហបតី គី ស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតា រស់ ប៊ុន ក៏បណ្តោយឱ្យបងប្រុសរបស់យុវនារី
សុទ្ធា ឈ្មោះ រស់ សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធី ហើយលោកគ្រូវិញ
ក៏ត្រូវទៅលេងភ្លេងការឱ្យគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។
លុះរំលងម៉ោង១២អធ្រាត្រ យុវជន សុគុណ បានត្រឡប់មកដល់ផ្ទះវិញតែម្នាក់ឯង
ជម្រាបឪពុកម្តាយថា សុទ្ធាត្រូវគេឃាត់ទុកឱ្យនៅគេងទីនោះ ត្បិតយប់ជ្រៅពេក
មិនឱ្យកូនស្រីជិះកង់ធ្វើដំណើរមកផ្ទះទាំងយប់ងងឹត ខ្លាចខ្វះសុវត្ថិភាព តែគេបានប្រគល់ប្រាក់កម្រៃតាមរយៈ
សុគុណ ឱ្យយកមកជូនលោកគ្រូ រស់ ប៊ុន គ្រប់ចំនួនតាមសន្យាហើយ។ នៅពេលនោះ លោកគ្រូ រស់ ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស
ពេញមួយយប់ មិនបានដេកពួនឡើយ ។ លុះព្រហាមស្រាងៗឡើង លោកគ្រូ រស់ ប៊ុន ឡើងជិះរ៉ឺម៉ក
ទៅតាមរកកូនស្រី នៅគេហដ្ឋានលោក គី ស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ
នៅមុខបន្ទាយជើងក្រហម។ នាងស្ទុះទៅឱបឪពុក ស្រែកទ្រហោរយំជម្រាបលោកថា កូនប្រុសលោក
គី ស៊ានហូ បានប្រព្រឹត្តអនាចារទាំងស្រវឹងស្រាមកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់។
ពេលនោះលោកតា រស់ ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ ក៏ទៅស្កាត់ជួបកម្លោះនោះ
នៅផ្ទះរបស់គេ ។ កាលបើបានស្តាប់ពាក្យរបស់លោកគ្រូ រស់ ប៊ុន ចប់ លោក គី ស៊ានហូ
ជាឪពុកក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ ទះកំភ្លៀងកូនប្រុសយ៉ាងធ្ងន់
។ កម្លោះនោះបានអង្វរ សូមឱ្យលោកឪពុកទាំងពីរ
សម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារី សុទ្ធា ជាគូគ្រងត្រឹមត្រូវពេញច្បាប់។
ប៉ុន្តែលោក គី ស៊ានហូ និងភរិយាមិនព្រម ត្បិតលោកបានចងពាក្យចងសម្តី នឹងគ្រួសារឧកញ៉ា
គេហបតី ជាមិត្តមួយរូបថា នឹងភ្ជាប់សាច់ឈាមកូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។
ដូច្នេះលោកមិនអាចផ្លាស់ប្តូរគម្រោងការនោះ ឱ្យអាប់មុខអាប់យស ខូចសម្តីរបស់លោកបានឡើយ។
ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូ រស់ ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសមនឹងឱ្យគ្រួសារ
លោក គី ស៊ានហូ ទទួលភ្ជាប់សាច់ឈាមបានដែរ ។ ពេលនោះ លោក គី ស៊ានហូ និងភរិយា បានប្រគល់ប្រាក់សងជំងឺចិត្តមួយចំនួន
ទៅលោកគ្រូ រស់ ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថាកូនប្រុសរបស់លោក គី
ស៊ានហូ ត្រូវទទួលទោស ផ្នែករដ្ឋប្បវេណី គឺរៀបការនឹងសុទ្ធា ជាគូ បើមិនដូច្នោះទេ
គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយទោសប្រព្រឹត្តបទអនាចារលើនារី។ ថ្វីបើត្រូវលោកតា
រស់ ប៊ុន គំរាមយ៉ាងនោះក៏ដោយក៏លោក គី ស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុធ្វើឱ្យលោកតា
រស់ ប៊ុន កាន់តែខឹងច្រឡោត រត់លក់ដីស្រែ ដីចំការ និងកេរ្តិ៍អាករ របស់ក្រុមគ្រួសារ
យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុសរបស់លោក គី ស៊ានហូ។ ចៃដន្យធនធានដ៏ទន់ទាបរបស់ក្រុមគ្រួសារលោកគ្រូ
រស់ ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការជូនកូនស្រីកម្សត់របស់គាត់បានឡើយ។
ទីបំផុតលោកគ្រូ ក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យដដែល។
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនឹងភរិយា ដោយសារការបាត់បង់ដីស្រែដីចម្ការ
អស់ដើមទុននឹងចិញ្ចឹមជីវិតតទៅទៀត។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារទៅរស់នៅជាមួយភរិយាចុង
ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង រួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារដូចមុនៗទៀត
។ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាម៉ាស់នឹងរឿងរ៉ាវអប្រិយទាំងឡាយនោះផង
យុវតី សុទ្ធា ក៏សម្រេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខនឹងការសម្លឹងសម្លក់របស់សង្គមបាន។
សុទ្ធាក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួចក្នុងភូមិផង
ជាអ្នកចម្រៀងភ្លេងការប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ
ចាប់តាំងពីថ្ងៃ ដែលឪពុក នាងចុះចេញពីផ្ទះទៅ។ កាលនោះយុវតីសុទ្ធា តែងតែរត់មករកអ្នកម្តាយលោកឪពុករបស់ខ្ញុំ
ជានិច្ចជាកាល ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគតជាបន្តទៀត
។ ក្រោយមកលោកឪពុករបស់ខ្ញុំ ( លោកសាស្ត្រាចារ្យ ប៊ុន ថង ) បាននាំយកយុវតីសុទ្ធា
ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែង នៅក្នុងវង់តន្ត្រី
លំហែយោធាជាវង់ភ្លេង ប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយឱ្យនាងបានទទួលមុខរបរ
ដែលមានប្រាក់ចំណូលទៀងទាត់។
នៅពេលនោះលោកគ្រូប៊ុនថង បានប្រតិស្ឋនាមថ្មី ឱ្យទៅយុវតីសុទ្ធា
ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចម្រៀងអាជីពថា រស់ សិរីសុទ្ធា ក្នុងគោលបំណង
ជូនប្រសិទ្ធិពរជ័យឱ្យយុវតី បានជួបតែសិរីសួស្តី រហូតតទៅ កុំឱ្យជួបរឿងរ៉ាវអប្រិយ
ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែចំណេរក្រោយៗមក យើងបែរជាឃើញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ។ ចំណែក រស់ សោភ័ណ ជាប្អូនស្រី
ក៏មានរឿងរ៉ាវជីវិតកម្សត់ណាស់ដែរ ទើបសម្រេចចិត្តទទួលយកឈ្មោះកណ្តាលថា សិរី
មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចម្រៀង
តាមពីក្រោយបងស្រីសុទ្ធា នៅភ្នំពេញ។ មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំសុទ្ធា
ឱ្យស្គាល់អ្នកចម្រៀង ប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ិម សុងសឹម ជាអតីតគ្រូបង្រៀន
នៅកំពង់ព្រះ បាត់ដំបង អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ
ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង
នៅរាជធានីភ្នំពេញ ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រី
រស់ សិរីសុទ្ធា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រៀមច្បង និងមិត្តរួមអាជីពទាំងអស់នោះ
។ ម្យ៉ាងទៀតលោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់
ហើយថែមទាំងចេះអក្សរភ្លេងថែមទៀតផង ។ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្ត្រីក៏ដោយ
ក៏ថ្វីដៃរបស់លោកបានជួយបណ្តុះបណ្តាលសិស្សរបស់លោកជាច្រើននាក់ ឱ្យក្លាយជា
តារាយ៉ាងល្បីល្បាញនៅកម្ពុជា មានលោក អ៊ិម សុងសឺម អ្នកស្រី ហួយ មាស អ្នកស្រី ប៉ែន
រ៉ន និងប្អូនស្រីទាំងបី អ្នកស្រី ប៉ែន រ៉ម អ្នកស្រី ប៉ែន រ៉ាំ និងអ្នកស្រី ប៉ែន
ចន្ថា ជាដើម ។ នៅពេលទំនេរពីកិច្ចការ ជាសាស្ត្រាចារ្យនៅវិទ្យាល័យ អ៊ាបឃុត, នេតយ៉ង់ លោកតែងបង្កើតថ្នាក់បង្រៀននៅផ្ទះ ឱ្យសិស្សនានាមកជួបជុំគ្នា
ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយ រៀនឲ្យកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី
ច្រៀងចម្រៀងល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់
ដោយរក្សា ភាពថ្លែថ្នូរប្រពៃ ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត
ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ។ នៅក្នុងចំណោមសិស្សទាំងឡាយ
ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រី ប៉ែន រ៉ន ដែលចូលចិត្តកំប្លែងក្រម៉ាច់ក្រមើម
អ្នកស្រី ហួយ មាស ដែលចូលចិត្តសូត្រធម៌ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ
ឱ្យមិត្តរួមថ្នាក់ស្តាប់និងយុវតី សុទ្ធា ដែលចូលចិត្តច្រៀងបទចម្រៀងកម្សត់ៗ
ដោយមិនចេះហត់នឿយឬធុញទ្រាន់ ។
ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធា
បានចូលចូលបំរើជាអ្នកចម្រៀងជាមួយក្រុមតន្ត្រី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែងជាសាធារណៈជាញឹកញាប់ជាដៃគូសំនៀង
របស់ លោក អ៊ិម សុងសឺម ដែលតែងតែផ្តល់ការ ជ្រោមជ្រែង និងការណែនាំផ្លូវជីវិតយ៉ាងកក់ក្តៅ
ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។
កាលនោះ យុវតីបានជួលផ្ទះ នៅក្បែរសាលា ពៅអ៊ុំ ជិតផ្ទះអ្នកស្រី
ហួយ មាស ។ ពេលទៅធ្វើការយុវតីតែងតែជិះស៊ីក្លូជាប្រចាំ ពុំនោះសោតនាងតែងសណ្តោងតាមរថយន្តរបស់លោក
អ៊ិម សុងសឺម ដែលទៅធ្វើការទីនោះដែរ។ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង
យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចម្រៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ
នៅពោធិចិនតុងជាដើម។
តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចម្រៀង
មកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀង ពីតាមខេត្តនានា ជាច្រើនទៀត
ដូចជាលោក តូច តេង លោក សុះ ម៉ាត់ លោក មាស ហុកសេង អ្នកស្រី ម៉ៅ សារេត អ្នកស្រី កែវ
មន្ថា អ្នកស្រី ឈួន ម៉ាល័យ ជាដើម ។
នៅទីបំផុត យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព ស៊ិន ស៊ីសាមុត
ហើយជីវិតជាអ្នកចម្រៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើងយ៉ាងឆាប់រហ័សហួសការស្មាន
តាំងពីពេលនោះមក។
រស់ សិរីសុទ្ធា ឬ រស់ សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស
រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្ត្រី និងប្រជាពលរដ្ឋខ្មែរទាំងមូល។
នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ
ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារទឹកដមសំនៀង
និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធា បានត្រូវលោក ស៊ិន ស៊ីសាមុត ណែនាំខ្លួន ឱ្យជួបនឹងលោក
ពៅ ស៊ីផូ លោក វ៉ោយ ហូរ លោក ហាស់ សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្ត្រីយ៉ាងចំណានៗដទៃទៀត
ដូចជា លោក គង្គ ប៊ុនឈឿន លោក មែរ ប៊ុន លោក ហេង ហួរវេង លោក ម៉ា ឡៅពី លោក ស្វាយ សំអឿ
លោក អ៊ុំ សុផានុរក្ស ដែលជាស្វាមីរបស់អ្នកស្រី ហួយ មាស ជាដើម។
នៅក្នុងអំឡុងពេល ដែលយុវនារី សុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះបោះសំឡេងល្បីល្បាញនោះ
មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន្ទ័ពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប
បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវក្រុមគ្រួសាររបស់លោកតាមឆាឆៅ
ជំទាស់ជាប់រហូត ថែមទាំងតាមគំរាមកំហែង ដល់សុវត្ថិភាពរបស់នាងទៀតផង។
ដោយក្តីរំខានក្នុងចិត្តខ្លាំងពេក រស់ សិរីសុទ្ធា ក៏សម្រេចចិត្តរៀបការយ៉ាងទាន់ហន់ នៅឆ្នាំ១៩៦៨ ជាមួយលោក
សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហា សម្បូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយជ្រោមជ្រែងរូបនាង
ឱ្យក្លាយជាតារារះយ៉ាងភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។
កាលណោះ ក្រុមគ្រួសារសាច់ញាតិនៅបាត់ដំបង ទាំងម្តាយនិងបងប្អូន
មិនសប្បាយចិត្តទេ ព្រោះលោក សុះ ម៉ាត់ ធ្លាប់មានភរិយាពីរនាក់រួចមកហើយ ហើយក៏មិនមានចិត្តស្មោះត្រង់
ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា
អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុងរបស់
សុទ្ធា គ្រប់ៗគ្នា។ ម្លោះហើយ សុទ្ធាក៏បានចេញមុខរៀបការជាមួយ លោក សុះ ម៉ាត់
ពេញច្បាប់ ដោយមានភរិយាដើមទាំងពីររូបរបស់លោក សុះ ម៉ាត់ មកចូលរួមពិធីផង។
ប៉ុន្តែចំណងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ
ព្រោះលោក សុះ ម៉ាត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រី
សុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ ឬ៦ខែ លោក សុះ ម៉ាត់
បានស្ទុះទៅទះតប់ វាយធ្វើបាបភរិយាយ៉ាងដំណំនៅក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ
ដោយសារក្តីប្រច័ណ្ឌ ចំពោះភ្ញៀវដែលនិយាយលេងទៅអ្នកស្រីនៅលើឆាក។
ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រី សុទ្ធា បានបាត់បង់ទារកក្នុងផ្ទៃមួយរូបអាយុ
៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ ។ រីឯអ្នកស្រីវិញ
ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាលយ៉ាងយូរ ទំរាំនឹងជាសះស្បើយមកវិញ។
ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកស្រី សំ បឿន ជាបង បានជំរុញឱ្យអ្នកស្រី
សុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោក សុះ ម៉ាត់ តាមគំរាមកំហែង រកសម្លាប់អស់មួយពូជ។
ពេលនោះ អ្នកស្រី សំបឿន កើតមានចិត្តភិតភ័យ ចំពោះសុវត្តិភាពរបស់អ្នកស្រី សុទ្ធា
ក៏នាំប្អូនត្រឡប់មករស់នៅ ឯបាត់ដំបងវិញ។
ដំណឹងនេះបានល្បីទៅដល់លោក ស៊ិន ស៊ីសាមុត រហូតធ្វើឱ្យលោកចេញមុខអន្តរាគមន៍
ដោយធ្វើដំណើរ មកតាមរកអ្នកស្រី សុទ្ធា ដល់លំនៅឯបាត់ដំបង ។ លោកបានអញ្ជើញអ្នកស្រី
ឱ្យវិលត្រឡប់ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព ១០០ ភាគរយ ដល់អ្នកស្រី។
លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រី ក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន
ដើម្បីចៀសមិនឱ្យជួបមុខលោក សុះ ម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា
ជាមួយលោក ស៊ិន ស៊ីសាមុត និងក្រុមតន្ត្រី ដែលលោក ស៊ិន ស៊ីសាមុត ណែនាំតែប៉ុណ្ណោះ។
តាំងពីពេលនោះមក អ្នកស្រី ក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ
ហើយចំរុងចំរើនរហូតរៀងមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រី សុទ្ធា
បានជួបនឹងកំលោះមួយរួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ
រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។
អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គលពេញលក្ខណៈ មិនមានការរកាំរកូស
អ្វីបន្តិចឡើយ។ រីឯមុខរបររកស៊ី ខាងផលិតបទចម្រៀងវិញ ក៏កាន់តែរីកចម្រើនឡើងជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រី សុទ្ធា បានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង
បំរើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរតែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោងពីលើអាកាសក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ពេលនោះ កិត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព
រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី។
រីឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត
ចាប់អារម្មណ៍នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ៍ ស្រី យ៉ា ដែលជាមេបញ្ជាការកងទ័ព
ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្ត្រករនោះទៀតផង។
នៅថ្ងៃមួយក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រី
ចេញពីផ្ទះនាំខ្លួនរបស់នាងទាំងកណ្តាលយប់ ទៅជួបលោកឧត្តមសេនីយ ស្រី យ៉ា ហើយបានត្រូវឃាត់ខ្លួន
ទុកនៅទីនោះ មិនឱ្យត្រឡប់មកផ្ទះវិញឡើយ។
ពេលនោះបងប្រុសរបស់អ្នកស្រី ឈ្មោះលោក រស់ សុគុណ បានចេញមុខជំនួស លោក ស៊ីផាន់ សូមធានាយកខ្លួនរបស់អ្នកស្រី
សុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោក ស្រី យ៉ា គំរាមកំហែង ចង់យាយីជីវិតរបស់លោក
ស៊ីផាន់ ទៀតផង ។ ដោយការភិតភ័យខ្លាំងពេក លោក ហ៊ុយ ស៊ីផាន់ បាននាំកូនប្រុស គេចខ្លួន
ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។ កាលនោះ ភរិយាដើមរបស់លោក ស្រីយ៉ា
មានរោគស្ត្រី មិនអាចមានបុត្របានទើបលោក ស្រី យ៉ា បានប្រើអំណាចបង្ខំចាប់យកអ្នកស្រី
សុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅជាមួយលោកស្រីយ៉ា អ្នកស្រី
សុទ្ធា បានសុំយកបងប្រុស រស់ សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ
ហើយក៏ជួយបណ្តុះបណ្តាលបងប្អូនឱ្យមានអាជីពនឹងគេ។
នៅពេលនោះ រស់ សោភ័ណ ក៏បានចាប់អាជីព ជាអ្នកចម្រៀង ដោយប្រតិស្ឋនាមថ្មីថា
រស់ សិរីសោភណ័ ក្រោយមកក៏បានជួបនឹងលោក អ៊ុក ស៊ីណារេត ដែលជាអ្នកតូរ្យតន្ត្រីមួយរូប
នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។ នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រី
សុទ្ធា រស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រី មានបុត្របួនរូប ។ មានពេលខ្លះ អ្នកស្រី
សុទ្ធា ត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយលោក ស៊ិន ស៊ីសាមុត អ្នកស្រី ប៉ែន
រ៉ន អ្នកស្រី ហួយ មាស លោកវ៉ោយ ហូរ លោកហាស់ សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាសែត
ដូចជានៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រី មិនសូវបានទទួលការអនុញ្ញាតពីលោក
ស្រី យ៉ា ដើម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេសនានា
យ៉ាងសេរីដូចមុនឡើយ។
នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរក្រុងភ្នំពេញនៅពេលយប់
ដោយមូលហេតុសង្គ្រាមដុនដាបរវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។
ពេលនោះ អ្នកស្រី សុទ្ធា បានសុំលោកស្រីយ៉ានាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង
ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង
បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាសឯភ្នំពេញផង។ ម្យ៉ាងទៀត
នៅពេលនោះ អ្នកស្រី បានចូលសម្តែង ជាតូឯករង នៅក្នុងភាពយន្តរឿង “ពេលដែលត្រូវយំ” ហើយត្រូវចេញមកបង្ហាញខ្លួន
នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅបាត់ដំបង។
កាលនោះ លោកឧត្តមសេនីយ៍ ស្រីយ៉ា មានការទើសទាល់ក្នុងចិត្តណាស់
ប៉ុន្តែដោយចង់រក្សាសុវត្ថិភាពឱ្យកូនៗ លោកក៏បណ្តោយឱ្យអ្នកស្រីនាំកូនទៅ។
មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជាឱ្យគេនាំខ្លួនអ្នកស្រី សុទ្ធា និងកូនចៅត្រឡប់មកភ្នំពេញវិញ។
កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់
ជាមួយអ្នកស្រី សុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា
ហើយអ្នកស្រី តែងដំណាល រឿងជីវីតរបស់អ្នកស្រី ឱ្យស្តាប់ ថាតើថាមុននឹងក្លាយជាតារារះនៅភ្នំពេញនោះ
តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ ។
អ្នកស្រី ជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្ទ្រើងដូចជាតារាដទៃទៀតខ្លះៗ
ឡើយ គឺអ្នកស្រី នៅរក្សាភាពសាមញ្ញដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ
តាំងពីរឿងហូបចុក ដេកពួនឡើងទៅ ។ អ្វីដែលប្លែក គឺអ្នកស្រី បានជួយផ្លាស់ប្តូរ
ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត ឱ្យបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន
មិនឱ្យញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ ។ អ្នកស្រី បានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន
ឱ្យមានវិជ្ជា និងមានការងារធ្វើសមរម្យ មានកិត្តិនាម ក្នុងសង្គម ។ មានក្មួយៗរបស់អ្នកស្រី
ខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រី ទំនុកបំរុង រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់នៅភ្នំពេញ
ថែមទៀតផង ។
ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ ហើយមានភក្តីភាព
ចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ
ដែលធ្វើឱ្យអ្នកស្រី បានទទួល នូវការកោតសរសើរនូវប្រជាប្រិយភាព និងការស្វាគមន៍ យ៉ាងកក់ក្តៅ
ពីសំណាក់ទស្សនិកជននិងញាតិទាំងឡាយ ពេលអ្នកស្រី ឈានជើងចូលស្រុកកំណើតម្តងៗ
។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅ
នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រី សុទ្ធា និងកូនទាំងបួន បងប្រុស
រស់ សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រី រស់ សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរូប
រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រី សំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់
បានត្រូវអង្គការខ្មែរបដិវត្តន៍ជំលៀសចេញតាមផ្លូវជាតិលេខបួន សំដៅទៅកំពង់ស្ពឺ។
ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានាកូនទាំងបួនរូបរបស់អ្នកស្រី
សុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រី សុទ្ធា ម្នាក់ឯង។
ក្រោយមកទៀត អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់ សោភ័ណតែម្នាក់ ដែលអង្គការចាប់បញ្ជូន
ឱ្យទៅនៅ ភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រី
សុទ្ធា។
តាមសម្តីអ្នកស្រី ទីវ ហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រី
សុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍តាមការសម្ភាសន៍ជាមួយទស្សនាវដ្តីឥន្ទ្រទេវី
ថាអ្នកស្រី សុទ្ធាបានលាក់ខ្លួន រស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា
អាចចាប់ភ្លឹក បានទេ ថា អ្នកស្រី ជាអតីតតារាដ៏ឆើតនៃកម្ពុជា។ ប៉ុន្តែអ្វីដែលមិនអាចលាក់បាន
គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀងនោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រី ចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ
ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រី ពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេងឱ្យស្បើយការនឿយហត់ផង។
ចៃដន្យ អ្នកស្រី មិនហ៊ានច្រៀងបទ សម័យពីមុនៗ តាមអត្ថន័យចាស់ទាំងស្រុងទេ ច្រើនតែឆ្នៃកែប្រែពាក្យពេចន៍
ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។ បើមិនដូច្នោះទេ អ្នកស្រី នឹងជាប់ទោស
ត្រូវអង្គការកំទេចជីវិតចោល ។ ក្រោយមក ពេលដែលដឹងថា អ្នកស្រី ចេះច្រៀងពិរោះ
ក្រុមយោធាអង្គការក៏ចាត់តាំង ឱ្យអ្នកស្រី ច្រៀងចម្រៀងអង្គការបដិវត្តន៍ ដើម្បីបំរើ
និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណោះ។ ម្ល៉ោះហើយ អ្នកស្រី ត្រូវមានការប្រុងប្រយត្ន័ជានិច្ច
ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។
អ្នកស្រី តែងតែកាន់សៀវភៅតូចមួយដាក់តាមខ្លួន សម្រាប់កត់ត្រាទុកនូវបទចម្រៀង
ដែលអង្គការតម្រូវមកឱ្យច្រៀង។ នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រី សុទ្ធា
បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំឱ្យរៀបការ ជាមួយយោធាមួយរូបដែលពិការដៃម្ខាង
មានឈ្មោះ សម មិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ
មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រី សុទ្ធាទេ។
ផ្ទុយទៅវិញ អ្នកស្រី ត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តីប្រច័ណ្ឌ
ចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង
ពេលអ្នកស្រី ឡើងចេញច្រៀង នៅមិទ្ទិញរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង
ឱ្យទៅបំពេញកិច្ច ។
ការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោក តែងប្រើហិង្សា
វាយដំអ្នកស្រី ជានិច្ច តែអ្នកស្រី មិនអាចតបត ឬរត់គេចបាន ដោយខ្លាចបារមីរបស់អង្គការ។
ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែទេ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេកអង្គការខាងលើ
បានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកឱ្យអ្នកស្រី គោរពស្វាមី មិនឱ្យឆ្លើយតបត
មានមាត់ក មានហិង្សាជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀត។
ប៉ុន្តែអ្នកស្រី តាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេចច្រើនហួសប្រមាណ
ក៏តបតដោយសម្តីខ្លះៗត្រឡប់ទៅវិញ ដែលជាហេតុបណ្តាលឱ្យអង្គការលើចាប់ដាក់ទោស
បញ្ជូនខ្លួន ឱ្យទៅធ្វើការនៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ១៩៧៧ ។
ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រី
ទៀតឡើយ។ កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំងឱ្យទៅកាប់ព្រៃ
ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការសម្លេះជីវិតចោល
ដោយគ្មានត្រាប្រណីឡើយ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ
ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ ។
សាច់ញាតិរបស់អ្នកស្រី សុទ្ធា ដែលនៅសេសសល់ មានលោកយាយ រស់
សំបឿត លោកយាយ រស់ សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង
ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោក ហ៊ុយ ស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែល
ជិត៤០ឆ្នាំហើយ រស់នៅឯប្រទេសបារាំង ៕
Post a Comment