ព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ ជួន ណាត (០៣ )
៤. ធម្មទេសនាកោសល្យ “ក្លារឈ្លាសវៃក្នុងធម្មទេសនា”ភាពនៃការឈ្លាសវៃមានច្រើនយ៉ាង គឺឈ្លាសវៃក្នុងអំពើបាបក៏មាន ក្នុងអំពើបុណ្យក៏មានឈ្លាសវៃក្នុងអំពើឥតប្រយោជន៍ក៏មាន ក្នុងអំពើមានប្រយោជន៍ក៏មាន។ ការឈ្លាសវៃក្នុងទីនេះសំដៅយកហេតុការណ៍ដែលមានប្រយោជន៍ចំពោះមនុស្ស ក្នុងបច្ចុប្បន្ន និងក្នុងអនាគត។ ដែលហៅថា “ធម្មទេសនាកោសល្យ” សំដៅយកការឈ្លាសវៃក្នុងធម្មទេសនា។ សម្ដេចព្រះសង្ឃរាជទ្រង់មានភាពឈ្លាសវៃក្នុងធម្មទេសនាដោយ គ្រប់គ្រាន់។ធម្មទេសនានៃសម្ដេចប្រកបដោយប្រយោជន៍ទាំងផ្លូវលោក ទាំងផ្លូវធម៌ អាចបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ផ្លូវខុស ផ្លូវត្រូវ ឲ្យជឿជាក់ចំពោះជាតិ សាសនា និងព្រះរាជបល្ល័ង្ក។ ព្រះធម្មទេសនា នៃសម្ដេចព្រះសង្ឃរាជចាត់ទុកថាជាមូលដ្ឋានមួយដ៏ស្ដុកស្ដម្ភអាច បំភ្លឺប្រជាពលរដ្ឋឲ្យមានការព្យាយាម មានជំហររឹងប៉ឹង ឲ្យប្រឹងប្រែងប្រកបការងារកុំឲ្យខ្ជិលច្រអូស ឲ្យមានធម៌សាមគ្គី មូលមិត្តជាឯកភាពក្នុងរវាងជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង ដើម្បីឲ្យខ្ពង់ខ្ពស់ថ្កើងរុងរឿងតទៅអនាគត។ ធម្មទេសនានៃសម្ដេច ឈ្មោះថាជាធម្មទេសនាទ្រោលបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ ប្រយោជន៍គ្រប់យ៉ាង បំភ្លឺទាំងខាងគុណសម្បត្តិ ទាំងគុណវិបត្តិ ជាធម្មទេសនាប្រកបដោយមធ្យោបាយដ៏ប្រសើរវិសេស អាចដឹកនាំចង្អុលបង្ហាញប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍អនាគត ហៅថាជាព្រះធម្មួទេសនាដាស់ពុទ្ធបរិស័ទឲ្យភ្ញាក់ខ្លួនក្រោកឡើងប្រកបការងារដើម្បីឲ្យមានជីវភាពខ្ពង់ខ្ពស់ឲ្យសមគួរដល់កិត្តិយស របស់យើងរាល់គ្នា ជាប្រជាពលរដ្ឋរបស់ប្រទេសឯករាជ្យ ឲ្យចេះឈឺឆ្អាលស្រឡាញ់ជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង។សម្ដេចព្រះសង្ឃរាជ មានធម្មទេសនាកោសល្យដ៏បរិបូណ៌។ ធម្មទេសនារបស់សម្ដេចគួររាប់ថាជាធម្មទេសនាយឺតយោង ស្រោចស្រង់ប្រជាពលរដ្ឋឲ្យមានសតិសម្បជញ្ញៈរឹងប៉ឹង បរិបូណ៌ឡើងទាំងផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ ដើម្បីឲ្យចក្រទាំងពីរវិលលឿនទៅស្មើគ្នា។ធម្មទេសនារបស់សម្ដេចគួរលើកថា ជាធម្មទេសនាបើកលោក គឺប្រទេសកម្ពុជាទាំងមូលឲ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង រុងរឿងឡើងដោយពិត ដែលអាចផ្ដល់មធ្យោបាយដ៏ប្រសើរ ឲ្យប្រជាពលរដ្ឋភ្ញាក់ខ្លួនប្រាណចេះជួយខ្លួនដោយខ្លួនឯង។សម្ដេចព្រះសង្ឃរាជ ជាព្រះធម្មកថិកមួយព្រះអង្គយ៉ាងឯក ពុំមានព្រះធម្មកថិកណាមួយប្រៀបស្មើបាយឡើយ។ ធម្មទេសនាដែលពីរោះក្បោះក្បាយប្រកបដោយពាក្យពេចន៍ប្រយោគមានប្រធានមានរបៀបរៀបរយ មានកម្រងនៃពាក្យសម្ដីដ៏ត្រឹមត្រូវឥតឃ្លៀងឃ្លាត ភ្លាំងភ្លាត់ទាំងប្រកបដោយឧត្ដមគតិ ដៅចំពោះប្រយោជន៍ក្នុងបច្ចុប្បន្ន និងអនាគតដូចសេចក្ដីអធិប្បាយមកនេះហៅថា “ធម្មទេសនាកោសល្យ”។
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”ការងាររបស់សម្ដេចព្រអសង្ឃរាជ សុទ្ធតែជាការងារមានប្រយោជន៍ដ៏ឧត្ដុងឧត្ដម ចំពោះពុទ្ធបរិស័ទ ពុំមានការងារណាមួយ ដែលឥតប្រយោជន៍នោះទេ។សម្ដេចបានធ្វើបុណ្យផ្សេងៗជាច្រើនដងណាស់ មានកឋិនទានជាដើម ក្នុងឆ្នាំនីមួយៗបានធ្វើកឋិន២ ឬ៣វត្ត រៀងរាល់ឆ្នាំ ឥតដែលខានឡើយ។កិច្ចការរបស់សម្ដេចសុទ្ធតែមានគោលដៅឆ្ពោះទៅរកសេចក្ដីសុខ សេចក្ដីចម្រើន ទាំងលោកនេះ ទាំងលោកខាងមុខដោយពិតប្រាកដ សឹងមានភ័ស្តុតាងយ៉ាងជាក់លាក់ក្នុងព្រះរាជជីវប្រវត្តិនេះ។ ចូរមើលបរិច្ឆេទនៃព្រះរាជជីវប្រវត្តិត្រង់បរិច្ឆេទទី៥ ទី៦ និងទី១០។សម្ដេចមានព្រហ្មវិហារដ៏ទូលាយ សង្គ្រោះដល់សាធារណជនមិនត្បិតត្បៀតពេកឡើយ កិច្ចការដែលចេះតែមាន ចេះតែដើរទៅស្រួល មិនចេះឈប់ មិនចេះគាំង នៅថែមទាំងមានប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ហៅថា “បណីតសកម្មភាព”។សកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ប្រកបដោយហេតុផលល្អណាស់ អាចបង្ហាញជាឧទាហរណ៍មួយ ដើម្បីបញ្ជាក់វរជន បញ្ញវន្តទាំងសម័យចាស់ សម័យថ្មីដែលគួរជាទិដ្ឋានុគតិ (ការយកតម្រាប់តាម) បានដោយពិត ដោយហេតុដែលឃើញរូបរាង កិច្ចការជាភ័ស្តុតាងផងទ្រឹស្ដីការងារដ៏ប្រសើរយ៉ាងនេះផងទើបហៅថា “បណីតសកម្មភាព”។
១១. ចរិតលក្ខណៈបរិច្ឆេទ (កំណត់អំពីលក្ខណៈនៃចរិតប្រក្រតី)ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅ អាចជាប់ទៅជាទម្លាប់ ហៅថា “ចរិតប្រក្រតី”។ ដូចយ៉ាងសម្ដីគ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិតគ្រោតគ្រាត។ ការនិយាយកុហកលេងចំពោះមិត្តសំឡាញ់ យូរៗទៅក៏អាចធ្លាប់មាត់ជាទំនៀម នេះហៅថា ចរិតកុហក។ការជក់បារី ដើមដំបូងឃើញគេជក់ ក៏ជក់លេងតាមគេ យូរៗទៅក៏អាចជាប់ជាទំនៀមជក់បារី។ការដេកថ្ងៃ ដើមដំបូងឃើញគេដេកថ្ងៃ ក៏ដេកតាមគេ លុះដេកថ្ងៃយូរៗទៅក៏អាចក្លាយជាទំនៀម នេះហៅថា ចរិតដេកថ្ងៃ។ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ ដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា “ចរិតប្រក្រតី” សម្ដេចព្រះសង្ឃរាជ ព្រះអង្គក៏មានចរិតប្រក្រតីដែរ ប៉ុន្តែចរិតរបស់សម្ដេចជាចរិតធូរស្រាល ពុំមែននាំឲ្យខូចខាតពេលវេលា ខូចខាតប្រយោជន៍នោះឡើយ។មនុស្សខ្លះមានចរិតប្រក្រតីជាប់ជោកធ្ងន់ណាស់ ដូចយ៉ាងចរិតប្រក្រតីផឹកស្រាទាល់តែកឹកជាប់ ដែលអាចលះបង់ចេញមិនបាន។ ចរិតប្រក្រតីបែបនេះ ឈ្មោះថាជាចរិតនាំឲ្យខូចខាតទាំងជីវិតខ្លួនឯង ទាំងទ្រព្យសម្បត្តិរបស់ខ្លួន។ការជក់អាភៀន ក៏អាចនាំឲ្យជាប់ញៀន លះចេញបានដោយកម្រណាស់។ ការញៀនអាភៀននេះ ហៅថា ចរិតប្រក្រតីជក់អាភៀន។ មនុស្សអ្នកមានចរិតបែបនេះ នាំឲ្យខូចខាតទាំងជីវិត ទាំងទ្រព្យសម្បត្តិ ជាងចរិតអ្នកផឹកសុរាច្រើនណាស់ទៅទៀត។ ចរិតប្រក្រតីនៃសម្ដេចព្រះសង្ឃរាជ១. ព្រះអង្គសោយស្លាម្លូ ជាញឹកញយណាស់ក្នុងថ្ងៃនីមួយៗ មិនសោយបារី។ ប៉ុន្តែលោកអ្នកធ្លាប់ដឹងឃើញនិយាយថា សម្ដេចព្រះសង្ឃរាជ កាលពីព្រះជន្មរវាង២០ឆ្នាំ រហូតដល់ព្រះជន្មជាង៣០ឆ្នាំ ឃើញសម្ដេចសោយបារីដែរ ប៉ុន្តែសោយរង្វើលៗមិនញឹកញាប់ទេ លុះដល់មកព្រះជន្មរវាង៤០ឆ្នាំ ទើបសម្ដេចសោយស្លាម្លូកាន់តែញឹកញាយឡើងដរាបមក។២. សម្ដេច កាលបើមានរោគផ្ដាសាយ ដែលនាំឲ្យតឹងច្រមុះ និងក្អកដោយរោគផ្ដាសាយនោះ ច្រើនតែឃើញសម្ដេចសោយថ្នាំចិនញាត់ខ្សៀ ហើយសម្ដេចមានបន្ទូលថារោគផ្ដាសាយនេះបានតែជក់ថ្នាំចិន ទើបឆាប់ជាសះស្បើយ ថ្នាំចិននេះនាំឲ្យជាឫសដូងច្រមុះថែមទៀត។៣. សម្ដេចមានចរិតប្រក្រតី ក្នុងការសោយក្រយាហារ ច្រើនតែសព្វព្រះទ័យនឹងសម្លស្រឡក់ ប្រហើរ និងកកូរ ពុំសូវសោយសាច់ឈាមទេ។ ម្ហូប៣មុខខាងលើនេះ ច្រើនតែឲ្យគេស្លនឹងត្រីឆ្អើរ បើពុំមានម្ហូបនេះទេ ច្រើនសព្វព្រះទ័យម្ហូបក្រៀមក្រោះ មានបុកត្រីឆ្អើរ ម្ជូរក្រសាំង ឬផ្លែម្កាក់ជាដើម។ សម្ដេច ពុំសូវសោយបង្អែមច្រើនទេ សោយតែបន្ដិចបន្តួច មិនសូវសោយកាហ្វេ ទឹកក្រូច ទឹកម៉ាណាត់ញឹកញាយទេ សោយតែទឹកតែ និងស្ករស។៤. សម្ដេចសព្វព្រះរាជហ្ឬទ័យនឹងកូនឈើផ្សេងៗ ដែលមានមែកច្រើន ដូចយ៉ាងដើមច្រកែង ទួយ រទាំងជាដើម យកមកដាំដាក់ក្នុងផើងជាច្រើន ចំនួនជាង១០០ផើង។៥. ដើមឈើឯទៀតៗ ជាឈើដំណាំស្រុកក្ដី ឈើក្នុងព្រៃក្ដី សម្ដេចសព្វព្រះរាជហ្ឬទ័យដាំច្រើនណាស់ ដូចឈើក្នុងរបងឈាបនដ្ឋានវត្តឧណ្ណាលោម និងឈើវត្តពោធិព្រឹក្ស។កម្មវិធីប្រចាំថ្ងៃរបស់សម្ដេចកម្មវិធីរបស់សម្ដេចទៀងទាត់ចំពោះត្រង់តែសោយក្រយាហារពេលថ្ងៃ ត្រង់ ហើយនឹងពេលដែលធ្វើការ ដូចយ៉ាងសម្ដេចសរសេរដកស្រង់ធម៌អាថ៌រៀបចំធ្វើសៀវភៅផ្សេងៗ មានវចនានុក្រមខ្មែរជាដើមនេះ ទៀងទាត់រៀងរាល់យប់ទាល់ៗភ្លឺ រវាងម៉ោង៦កន្លះ ឬម៉ោង៧ ទើបសោយយាគូ ជួនកាលពេលព្រឹក មិនទាំងសោយយាគូថែមទៀត ឃើញថាពេលយាគូពុំសូវទៀងទាត់ទេ។ពេលដែលសម្ដេចកំពុងជាប់ព្រះហស្ថសរសេរហើយមានភ្ញៀវចូលមកថ្វាយបង្គំគាល់ សម្ដេចក៏ចូលមកគាល់ធ្វើបដិសណ្ឋារៈភ្លាមៗ ហើយមិនឲ្យនៅយូរទេព្រោះមានកិច្ចការច្រើនណាស់ បើថ្ងៃណាមួយដែលសម្ដេចទំនេរមិនមានកិច្ចការ ហើយមានភ្ញៀវ បព្វជិត ឬគ្រហស្ថចូលមកថ្វាយបង្គំគាល់នោះ សម្ដេចសព្វព្រះរាជហ្ឬទ័យប្រាស្រ័យទាក់ទង ដោយព្រះរាជឱង្ការសាកសួរពីនេះ ពីនោះ ហើយទ្រង់ដឹកនាំបំភ្លឺអំពីផ្លូវលោក ផ្លូវសាសនាយ៉ាងពិស្ដារ វែងឆ្ងាយណាស់អស់៤-៥ម៉ោងក៏មាន ទាល់តែភ្លឺក៏មាន មិនចេះត្អូញថាងងុយសឹង ថាចុករួយស្រពន់ទេ ឲ្យតែភ្ញៀវនោះទ្រាំអង្គុយចូលចិត្តស្ដាប់ចុះ។ ការណ៍នេះ ចំពោះតែពេលណាមួយដែលសម្ដេចមានព្រះសុខភាពរាងកាយស្រួលល្អ។ក្នុងថ្ងៃយប់នីមួយៗ សម្ដេចព្រះសង្ឃរាជ ចេះតែមានកម្មវិធីជានិច្ចកាល ដូចយ៉ាងកាលសម្ដេចនៅក្នុងរវាងព្រះជន្ម៣០ឆ្នាំ រហូតដល់មកព្រះជន្មជាង៦០ឆ្នាំ ក៏នៅតែខំប្រឹងបង្រៀនភិក្ខុ សាមណេរចំនួន២០ ឬ៣០អង្គក្នុងពេលយប់ៗ ចំពោះភិក្ខុ សាមណេរ នៅក្នុងកុដិរបស់ព្រះអង្គខ្លះ មកពីកុដិដទៃខ្លះ។ សម្ដេចមានកម្មវិធីចំពោះពេលបង្រៀននោះទៀងទាត់ណាស់ កម្មវិធីដែលត្រូវបង្រៀនក្នុងសាលាបាលីជាន់ខ្ពស់ ដែលឥឡូវនេះហៅថាពុទ្ធិកវិទ្យាល័យសុរាម្រឹតផងកម្មវិធីបង្រៀនក្នុងពេលយប់ឯកុដិនោះផង។អព្ភូតហេតុមុនពេលដែលព្រះសង្ឃរាជព្រះអាពាធនៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៩ សម្ដេចព្រះសង្ឃរាជមានព្រះឱង្ការថា “ខ្ញុំពីយប់មិញសុបិននិមិត្តមួយចំឡែកណាស់ គឺឃើញចេតិយពីរលើអាកាស មកអំពីទិសឦសានតម្រង់មករកខ្ញុំដែលកំពុងអង្គុយនៅយ៉កុដិខាងមុន ចេតិយនោះ មានពណ៌ដូចមាស លុះអណ្ដែតចូលមកជិត ឃើញចេតិយនោះកាន់តែតូច ហើយបាត់មួយ នៅតែមួយអណ្ដែតមកជិតអាត្មា អាត្មាក៏លូកដៃទៅទ្រចេតិយនោះ រួចក៏ភ្ញាក់ខ្លួនព្រឺតឡើង ក្នុងពេលជិតភ្លឺរវាងម៉ោង៤។ ព្រះឱង្ការ សម្ដេចព្រះសង្ឃរាជនេះ ក្នុងពេលប្រជុំសង្ឃ ដើម្បីតាំងគណៈកម្មការធម្មវិន័យ ក្នុងថ្ងៃ២កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញាឆ្នាំ១៩៦៩។ បន្ទាប់មកទៀតសម្ដេចមានព្រះឱង្ការថាអង្គការធម្មវិន័យរបស់យើងនៅខ្វះសៀវភៅធម៌ជាច្រើនមុខ ព្រោះហេតុនោះយើងត្រូវតាំងគណៈកម្មការជាថ្មីទៀត ដើម្បីប្រជុំគ្នារៀបចំធ្វើសៀវភៅធម៌ ត្រូវដកស្រង់ធម៌វិន័យអំពីបាលី និងអដ្ឋកថា មករៀបរៀងអត្ថាធិប្បាយ តម្រូវតាមថ្នាក់ត្រី ទោ ឯក។“ត្រង់ដែលអាត្មាយល់សប្ដិឃើញចេតិយនោះ ប្រហែលជានិម្មិត្តមួយប្រផ្នូលឲ្យយើងដឹងថាគណៈកម្មការធម្មវិន័យ របស់យើង នឹងបានសម្រេចដោយល្អ”។ ព្រះសុបិននិមិត្តនៃសម្ដេចដែលឃើញចេតិយមួយគូនេះ ទុកជាអព្ភូតហេតុមួយដ៏អស្ចារ្យចម្លែកណាស់។អព្ភូតហេតុមួយទៀត នៅថ្ងៃ១៣កើត និង១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ១៩៦៩ នៅវេលាយប់ពីម៉ោង២០ទៅម៉ោង២២ ឃើញព្រះច័ន្ទមានរស្មីលឿង ខៀវ ក្រហម មានរង្វង់មូលព័ទ្ធជុំវិញព្រះច័ន្ទ ដែលយើងធ្លាប់ហៅថាព្រះច័ន្ទបាំងឆ័ត្រ។
Source: khtoem.com/52999.html
Source: khtoem.com/52999.html
Post a Comment