៨. សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)ដោយព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម ទៀង)។ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។ព.ស.២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជា សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។ខែកុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង។ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យ អក្សរសាស្ត្រ និងមនុសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
៩. ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
– មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
– មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
– មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
– មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
– មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
– មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
– មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
– មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
– មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
– មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥១៣ គ.ស.១៩៦៩។
១០. ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា)កិច្ចការ ឯទៀតរបស់សម្ដេច ក្រៅពីមុខការខាងសិក្សាដែលសុទ្ធតែជាការមានប្រយោជន៍ជាសាធារណៈ ក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនទៅទៀតនិយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសប្តស័ក ព.ស.២៤៧០ គ.ស.១៩២៤ រៀងមក សម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុង សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្ដេច ដូចមានសេនាសនភ័ណ្ឌតទៅនេះ៖
១. សម្ដេចបានជាវដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឲ្យធំទូលាយច្រើនជាងពីដើម។
២. បានជួយឧបត្ថម្ភលើកថ្នល់ ភ្ជាប់ពីថ្នល់ជាតិចូលមកវត្តសុរភី និងពោធិព្រឹក្ស រួមចម្ងាយ៣គឺឡូម៉ែត្រ។
៣. បានស្ថាបនាវិហារបេតុងអារម៉េ សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) រៀបចំទីវត្តពោធិព្រឹក្សទាំងមូល ឲ្យមានទេសភាពសមរម្យតាមសម័យនិយម។
៤. បាន ស្ថាបនាស្ពានធំមួយ និងស្ពានតូចមួយសុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូចរាំងព្រំប្រទល់ សង្កាត់រលាំងកែន និងសង្កាត់រកាកោះ។
៥. បានឧបត្ថម្ភក្នុងការស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា សុរភីពោធិព្រឹក្ស៣ខ្នង តាំងពីគ.ស.១៩៤៨ រៀងរហូតដល់សាលានេះឡើងដល់ថ្នាក់ឧត្ដមដ្ឋាន សម្រាប់កូនចៅអ្នកស្រុកជើងវត្តសុរភី និងវត្តពោធិព្រឹក្ស។
៦. បានឧបត្ថម្ភឲ្យគេធ្វើថ្នល់លំមួយ ចាក់ក្រួសបាយក្រៀម ប្រើការបានដោយស្រួល។
៧. បានជាវទីដី៣ហិកតាកន្លះទុកដាក់ជាសាសនសម្បត្តិរៀងទៅ។
៨. បានស្ថាបនាខ្លោងទ្វាររបងអារម៉េមួយ។
៩. បានស្ថាបនា អាវសថសាលា (សាលាសំណាក់) ១ខ្នង។
១០. បានចាត់ការឲ្យជីកស្រះមួយទំហំ១០០ម៉ែត្របួនជ្រុង នៅត្រង់ទីថ្នល់បែកចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។
១១. បានជួយឧបត្ដម្ភជីកអណ្ដូងបុកប្រើស្នប់៣កន្លែង។
១២. បានស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតិគ្រឹះ (មន្ទីរសម្ភព) មួយខ្នង ដោយបេតុងអារម៉េ។
១៣. បានធ្វើកំពែងបេតុងអារម៉េ បណ្ដោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរពេទ្យទាំងពីរខ្នងនេះ។
១៤. បានស្ថាបនាអគារគព្ភិនីសំណាក់ក្នុងកំពែងនោះដែរ។
១៥. បានស្ថាបនាអគារបេតុងអារម៉េ២ខ្នង ក្រៅកំពែងនោះសម្រាប់គិលានសមណៈ។
១៦. បានចាត់ការឲ្យលើកទំនប់ទឹក១កន្លែងបណ្ដោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ (ដោយ សម្ដេចព្រះនរោត្ដម សីហនុ ឧបយុវរាជព្រះប្រមុខរដ្ឋ ទ្រង់សព្វព្រះទ័យបានប្រោសប្រទានព្រះរាជានុញ្ញាតឲ្យលើកទំនប់ទឹក នោះ)។
១៧. បាន ឧបត្ថម្ភឲ្យវេយ្យាវច្ចករដាំដំណាំលើទីដីខាងលើនេះ ជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតិគ្រឹះរបស់សម្ដេចទៅក្នុងអនាគតកាល (ស្ថាបនកម្មទាំងនេះនៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ)។
១៨. បានលះបង់ទីដីមួយកន្លែង ដែលសម្ដេចបានជាវហើយនោះជូនព្រះរាជរដ្ឋាភិបាលឲ្យស្ថាបនាអគារមណ្ឌលនីតិកម្ម (ប៉ុស្តិប៉ូលីស) និងមន្ទីររាជសហករណ៍។ល។
១៩. បានផ្ដើមគំនិតធ្វើសមាគមកសាងមន្ទីរពេទ្យព្រះសង្ឃ ក្រុងភ្នំពេញ។
២០. បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានបីជាន់ ក្នុងព.ស.២៤៩៩ គ.ស.១៩៥៦។
២១. បានផ្ដើមកសាងព្រះសក្យមុនីចេតិយនៅខាងកើតស្ថានីយ៍រាជាយស្ម័យយាន។
២២. បានទំនុកបម្រុង ព្រមទាំងចាត់ចែងសមណនិស្សិតបញ្ជូនឲ្យទៅរៀនឯបរទេស មានប្រទេសឥណ្ឌា ភូមាជាដើម។
២៣. បានបង្កើតការសិក្សាធម្មវិន័យ ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។
២៤. បានបង្កើតការអប់រំយុវជនដោយសីលធម៌ដែលនៅក្នុងវត្តឧណ្ណាលោម ឬវត្តឯទៀតៗ ដែលមានយុវជននៅវត្តជាច្រើននាក់។
២៥. បានផ្ដើមកសាងឈាបនដ្ឋាន (ទីបូជាសព) ក្នុង វត្តឧណ្ណាលោម ដែលមានលោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅជាអ្នកចេញប្រាក់កសាងឲ្យកើតមានក្នុងប្រទេសកម្ពុជាមុនដំបូង បង្អស់ គ.ស.១៩៥៣។
២៦. បាន ផ្ដើមសង់ឧបដ្ឋានសាលាសម្រាប់មន្ត្រីសង្ឃ ដែលនិមន្តមកក្នុងឱកាសអនុសំវច្ឆរមហាសន្និបាត ដើម្បីប្រជុំទទួលភត្តាហារ និងសម្រាប់ភ្ជុំបិណ្ឌដែលគហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញប្រាក់កសាង។
២៧. បានបង្កើតឲ្យមានការហាត់រៀនប្រឡងសូត្របាតិមោក្ខបាលី។
២៨. បាន រៀបចំតាំងគណៈកម្មការសង្ឃ និងគណៈកម្មការគ្រហស្ថតាមផ្លូវការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំទីវត្តឲ្យស្អាត ទាំងមានរបៀបរៀបរយ តាំងពីឆ្នាំ១៩៥៥ដរាបមក។
ស្នាព្រះហស្តខាងអក្សរសាស្ត្រនៃសម្ដេចព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង(ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើនដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
ព្រះគុណសម្បត្តិនៃសម្ដេចព្រះសង្ឃរាជព្រះគុណសម្បត្តិនៃសម្ដេចជាអម្ចាស់មានច្រើនយ៉ាងណាស់ ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ ហើយសរសេររួបរួមប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមានប្រាំយ៉ាង ដូចសេចក្ដីរៀបរៀងវែកញែកតទៅនេះ៖
១. វីរិយភាពក្នុងការសិក្សា
២. បដិភាណប្បញ្ញា “ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
អធិប្បាយពង្រីកសេចក្ដីចំពោះគុណសម្បត្តិនីមួយៗ
១. វីរិយភាព នៃសម្ដេចជាអម្ចាស់ ដែលមនុស្សចាស់ទុំធ្លាប់បានសង្កេតតាំងពីសម្ដេចមានព្រះជន្មនៅ ក្មេង គឺតាំងពីនៅជាសាមណេរដរាបមករហូតដល់សម្ដេចមានព្រះជន្មជ្រុលចូល មកបច្ឆិមវ័យហើយ ក៏នៅតែព្យាយាមឥតមានបន្ធូរបន្ថយបញ្ឈប់សេចក្ដីព្យាយាមនោះឡើយ សូម្បីព្រះអង្គមានសមណៈស័ក្តិដ៏ខ្ពស់បំផុតទីជាសម្ដេចព្រះសង្ឃរាជហើយក៏ដោយ។ វីរិយភាព នេះប្រែថា សេចក្ដីព្យាយាម ឬថាប្រឹងប្រែង រាប់ថាជាបារមីមួយរបស់ព្រះពោធិសត្វដែលយើងធ្លាប់ចេះដឹងមកហើយ ហៅថា វីរយៈបារមី។បណ្ដាកិច្ចការគ្រប់យ៉ាង រមែងប្រកបដោយឧបសគ្គ គឺធម៌ជាគរឿងរារាំងបើមិនច្រើនក៏តិច តែថាបើសេចក្ដីព្យាយាម មានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបសគ្គនោះបានដោយពិតសម្ដេចព្រះសង្ឃរាជទ្រង់មាន វីរយៈធម៌ដ៏រឹងប៉ឹងជាទីបំផុត បានជាព្រះអង្គចេះតែមានជ័យជម្នះសង្កត់ទៅលើឧបសគ្គគ្រប់យ៉ាងបាន ជាដរាប ទោះបីព្រះអង្គហត់នឿយណាស់ ប៉ុន្តែព្រះអង្គមិនសូវចេះត្អូញត្អែរឡើយ។ ករណីកិច្ចណាមួយដែលគេត្រូវធ្វើដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្តក្ដី អាចសម្រេចទៅបានដោយកម្លាំងនៃសេចក្ដីព្យាយាមទាំងអស់។ ឥរិយាបទទាំង៤ គឺការដើរ ឈរ អង្គុយ ដេក ដែលនាំឲ្យសម្រេចប្រយោជន៍ទៅបាន ដ៏ដោយគុណានុភាពនៃសេចក្ដីព្យាយាមដែរ។សម្ដេចព្រះសង្ឃរាជ ព្រះអង្គមានវីរិយបារមីដ៏បរិបូណ៌ណាស់ សូម្បីសម្ដេចដែលមានព្រះជន្ម៨៦ឆ្នាំហើយ ក៏នៅបំពេញកិច្ចការរបស់ព្រះអង្គឥតមានបន្ធូរបន្ថយព្រះកាយពលឡើយ។ ដូចយ៉ាងព្រះអង្គចាប់ធ្វើវចនានុក្រមខ្មែរ ទ្រង់ឥតមានសំចៃកម្លាំង និងពេលវេលាទេ។ សម្ដេចយកពេលយប់ធ្វើជាថ្ងៃ យកពេលថ្ងៃធ្វើជាយប់ ខំប្រឹងសរសេររៀបរៀង តាំងពីព្រលប់រហូតដល់ភ្លឺក៏មាន លុះទ្រង់សោយយាគូរួច ចាប់សរសេរតទៅទៀត ទាល់តែដល់ពេលម៉ោង១១ក៏មាន។ ក្នុងរយៈវេលាយប់មួយសម្ដេចទ្រង់បានផ្ទុំក្នុងរវាង៤ ឬ៥ម៉ោងប៉ុណ្ណោះ។ ការប្រព្រឹត្តដោយសេចក្ដីព្យាយាម នៃសម្ដេចព្រះសង្ឃរាជនេះជាការកម្រមនុស្សធ្វើបានណាស់។
២. បដិភាណប្បញ្ញា “បញ្ញាវាងវៃ” ប្រាជ្ញាសំដៅយកការចេះដឹងយល់ទូទៅឬការយល់ច្បាស់លាស់ចំពោះហេតុការណ៍ផ្សេងៗតាមធម្មតា។ ដែលលោកហៅថា“បដិភាណប្បញ្ញា” នោះ សំដៅយកប្រាជ្ញាដែលកើតឡើងភ្លាមៗ ហើយអាចឆ្លើយតបវិញបានភ្លាម មិនបាច់គិតគូរអស់វេលាយូរទេ។ប្រាជ្ញារបស់សម្ដេចកើតឡើងរហ័សក្នុងពេលដែលគេចោទសួរ ឬនិយាយឲ្យឮភ្លាមក៏អាចដឹងទាន់ចាប់ភ្លឹកនឹកឃើញ ឆ្លើយវិញបានភ្លាម ហាក់ដូចជាបានគូសដៅទុកយូរហើយ។ ប្រាជ្ញាស្មារតីរហ័សវាងវៃ ប្រកបដោយសមត្ថភាព ឆាប់យល់ហេតុការណ៍គ្រប់យ៉ាង ដែលអាចដឹងទាន់ភ្លាមៗ ដូចអធិប្បាយដោយសង្ខេបមកនេះ ហៅថា “បដិភាណប្បញ្ញា”។សម្ដេចព្រះសង្ឃរាជ មានបដិភាណប្បញ្ញានេះបរិបូណ៌ណាស់ ដូចយ៉ាង សម្ដេចដែលបានទ្រង់យាងទៅកាន់ទីប្រជុំណាមួយ ដែលមានសមាជិកជាន់ខ្ពស់ ហើយគេត្រូវសាកសួរនិយាយពិភាក្សាការណ៍ជាចាំបាច់ ដែលទាក់ទងមកលើសម្ដេចភ្លាម ទ្រង់ក៏អាចឆ្លើយដោះស្រាយទាន់បានភ្លាមវិញដែរ។
៣. វេសារជ្ជប្បញ្ញា “បញ្ញាអង់អាច ក្លៀវក្លា” ភាពនៃប្រាជ្ញាអង់អាចក្លៀវក្លានេះ ជាគុណសម្បត្តិមួយដ៏ប្រសើររបស់មនុស្ស។ ប្រាជ្ញារបស់សម្ដេចព្រះសង្ឃរាជជាអម្ចាស់របស់យើង រាប់ថាជាប្រាជ្ញាមួយដ៏ខ្ពង់ខ្ពស់ អាចពោលបានថាសម្ដេចមានវេសារជ្ជប្បញ្ញាគ្រប់គ្រាន់ ព្រោះព្រះអង្គបានទទួលព្រះកិត្តិនាមដ៏ខ្ចរខ្ចាយទៅក្នុងប្រទេស និងក្រៅប្រទេស។ ដូចយ៉ាងសម្ដេចទ្រង់យ៉ាងទៅកាន់ទីប្រជុំធំៗក្នុងប្រទេសដទៃ ព្រះអង្គតែងបន្លឺសីហនាទ ប្រកបដោយប្រាជ្ញាដ៏ក្លៀវក្លា អង់អាចឥតញាប់ញ័រតក់ស្លុតចំពោះទីប្រជុំនោះឡើយ។ប្រាជ្ញាដែលក្លៀវក្លាអង់អាច ដូចអធិប្បាយដោយសង្ខេបមកនេះហៅថា “វេសារជ្ជប្បញ្ញា”។
Post a Comment