Header Ads

ប្រវត្តិលោក កែម ឡី



លោក កែម ឡី កើតនៅក្នុងគ្រួសារក្រីក្រមួយ នៅ ភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោកដែលជាសាស្ត្រាចារ្យ បានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពី ឆ្នាំ១៩៧៩ មក។
បើទោះបីជាម្តាយមានមុខរបរត្រឹមជាអ្នកលក់នំបញ្ចុក ក៏ដោយ ក៏លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្រ រហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស ខណៈដែលបងស្រីរបស់លោក បានធ្វើជាគ្រូពេទ្យ ហើយប្អូនប្រុស បានធ្វើការនៅក្រុមហ៊ុនឯកជន។
ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ លោក កែម ឡី បានមានប្រសាសន៍ថា៖ «ជារួមម្តាយខ្ញុំ គាត់រកស៊ីលក់នំបញ្ចុក លក់បាញ់ឆាវ គ្រឿងទេសបន្តិចបន្តួចតាំងពី ឆ្នាំ១៩៧៩ រហូតមកដល់ឥឡូវ ដើម្បីចិញ្ចឹមកូនរៀន ៣ នាក់ បងប្អូនខ្ញុំភាគច្រើនគាត់រៀនបានខ្ពស់ៗដែរ»
ដោយសារតែម្តាយជួបការលំបាកខាងជីវភាព នៅពេលរៀនបានត្រឹមថ្នាក់ ទី៥ កុមារា កែម ឡី បានទៅសុំរស់នៅជាមួយស្ត្រីអ្នកលក់គុយទាវម្នាក់ នៅទីរួមខេត្តតាកែវ ដើម្បីអាចបន្តការសិក្សាទៅមុខទៀត។ «ខ្ញុំបានរស់នៅជាមួយផ្ទះយាយលក់គុយទាវ លក់បាយហ្នឹង ហើយបានរៀនសូត្រតាំងពីអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។ នៅផ្ទះគាត់ បានរៀនសូត្រ ដោយសារតែគាត់ចិត្តល្អ ហើយនៅពេលនេះ ខ្ញុំនៅតែគោរពស្រឡាញ់គាត់ ដោយសារតែគាត់ជួយឲ្យយើងបានរៀន ប៉ុន្តែយើងក៏ជួយលក់គុយទាវបាយឲ្យគាត់ដែរ»
លោក កែម ឡី បានចាកចេញពី ខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្ត បទុម ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ ហើយបានចូលធ្វើការនៅក្រសួង សុខាភិបាល កាន់ខាងផ្នែកជំងឺឆ្លង។
បុរសដែលមានមាឌធំល្មម សម្បុរសណ្តែកបាយ និយមកាត់សក់ខ្លីរូបនេះ បានរៀបរាប់ឲ្យដឹងទៀតថា៖ «ប៉ុន្តែបានតិចតួចណាស់ ដែលខ្ញុំបានធ្វើការងាររដ្ឋ ដោយសារប្រាក់ខែទាបភាគច្រើន ខ្ញុំព្យាយាមរកអាហារូបករណ៍ ទៅរៀននៅ ថៃ ទៅរៀននៅ ម៉ាឡេ»
លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋនៅក្នុងអំឡុងឆ្នាំ២០០០ ហើយបានទៅធ្វើការនៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលនិងទៅ ធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅ ថៃ ដែលក្រុមហ៊ុននោះ ធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅ ថៃ នៅ កម្ពុជា នៅ ចិន និងនៅ ឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួង សុខាភិបាល ខាងមូលនិធិសកល។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។
ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ ការសិក្សាស្រាវជ្រាវនេះ មិនមែនជាលុយខ្លួនឯងទេ ភាគច្រើនធ្វើជាទីប្រឹក្សាខ្លីៗ ឲ្យអង្គការសហប្រជាជាតិឲ្យដៃគូអភិវឌ្ឍន៍ ឲ្យអង្គការអន្តរជាតិហើយនិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកផ្អែក ទៅលើផ្នែក ៥ ធំៗសំខាន់ ទីមួយ គឺការសិក្សាស្រាវជ្រាវមុននឹងបង្កើតគម្រោងវាយតម្លៃគម្រោង ទីពីរ រៀបចំផែនការយុទ្ធសាស្ត្រ ខាងផ្នែកជំនួញក្តី ខាងផ្នែកសង្គមកិច្ចក្តី និង ទីបី រៀបចំគម្រោងសំណើសរសេរ Proposal ឲ្យអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ ដើម្បីឲ្យគាត់បានមូលនិធិយកមកអនុវត្ត ហើយបង្កើតប្រព័ន្ធតាមដាន និងត្រួតពិនិត្យឲ្យក្រសួង ឲ្យអង្គការក្រៅរដ្ឋាភិបាល។
លោក កែម ឡី បានបង្កើតប្រព័ន្ធតាមដានត្រួតពិនិត្យឲ្យក្រសួង សង្គមកិច្ច ក្រសួង ការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ទាក់ទងទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈហើយថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវឲ្យ អុកស្វាម លើបញ្ហាវិភាគនយោបាយ និងសេដ្ឋកិច្ច ឲ្យយូអេសអេអាយឌី លើការវាយតម្លៃលើគម្រោងបោះឆ្នោត។
លោក កែម ឡី មិនមែនធ្វើការសិក្សាស្រាវជ្រាវតែម្នាក់ឯងនោះទេ គឺលោកមានក្រុមយុវជនចាប់ពី ២០ ទៅ ៣០ នាក់ ក្នុងមួយជំនាន់ ដោយលោកបានធ្វើការបណ្តុះបណ្តាលពួកគេបណ្តើរ និងធ្វើការសិក្សាស្រាវជ្រាវបណ្តើរ។ រហូតមកទល់ពេលនេះ លោកបានបណ្តុះបណ្តាលយុវជនលើជំនាញសិក្សាស្រាវជ្រាវបានចំនួន ៥ ជំនាន់មកហើយ ដែលមានសរុបជាង ១០០ នាក់ ហើយនៅពេលនេះ យុវជនទាំងនោះភាគច្រើន បានការងារធ្វើ នៅតាមស្ថានទូត និងអង្គការអន្តរជាតិនានា។
លោក កែម ឡី មានប្រសាសន៍ថា៖ «ក្មេងៗគាត់រៀនបណ្តើរធ្វើការបណ្តើរ ហើយខ្ញុំធ្វើការណែនាំបណ្តើរ និងធ្វើការសិក្សាស្រាវជ្រាវជាមួយគ្នា គាត់បានប្រាក់កម្រៃ ខ្ញុំក៏បានប្រាក់កម្រៃ»
លោក កែម ឡី ដែលបដិសេធមិនចង់លាតត្រដាងពីបញ្ហាផ្ទាល់ខ្លួនច្រើន ដោយសារតែគិតថា ពុំមានប្រយោជន៍ដល់សង្គមជាតិនោះ នៅទីបំផុត បានបង្ហើបឲ្យដឹងថា លោកបានរៀបការនៅឆ្នាំ២០០១ ហើយបច្ចុប្បន្នមានកូនសុទ្ធតែប្រុសចំនួន ៤ រូប កូនបងអាយុ ១២ ឆ្នាំ និងកូនប្អូនអាយុ ៤ ឆ្នាំ។ លោកបានធ្វើការសិក្សាយកជំនាញខាងពេទ្យ ក៏ប៉ុន្តែលោកមិនដែលបានធ្វើការខាងពេទ្យនេះទេ។
លោក កែម ឡី ទទួលបានសញ្ញាបត្រនៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។
លោក កែម ឡី មិនមានការងារ ឬមុខរបរអ្វីផ្សេងក្រៅពីការសិក្សាស្រាវជ្រាវនោះទេ ប៉ុន្តែភរិយារបស់លោក គឺជាអាជីវករលក់ខោជជុះនៅផ្ទះល្វែងមួយ នៅ ផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ។
ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុសសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក កែម ឡី មិនចង់ឲ្យគេហៅលោកថា ជាអ្នកវិភាគឯករាជ្យនោះទេ។ «តាមពិតទៅអ្នកវិភាគ ខ្ញុំអត់គិតថា មកដល់ទេ មុខងារនេះ អ្នកកាសែតអ្នកហៅទេ មុខងាររបស់ខ្ញុំ គឺអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមប៉ុន្តែអ្នកកាសែតចេះតែហៅ ខ្ញុំថា អ្នកវិភាគ ហីថែមឯករាជ្យទៀត ប៉ុន្តែខ្ញុំមិនដែលទទួលស្គាល់ថា ខ្ញុំឯករាជ្យទេ ហើយក៏មិនដែលទទួលស្គាល់ថា អ្នកវិភាគដែរ ពីព្រោះអ្នកវិភាគគេធ្វើការមានឯកទេសឧទាហរណ៍ថា អ្នកវិភាគសេដ្ឋកិច្ច គេវិភាគតែសេដ្ឋកិច្ចទេ អ្នកវិភាគសង្គមកិច្ច គេវិភាគតែសង្គមកិច្ចទេ អ្នកវិភាគនយោបាយ បទពិសោធគេរៀនខាងនយោបាយអ៊ីចឹងខ្ញុំសូមចាប់ផ្តើមធ្វើការកែ តម្រូវ ចាប់តាំងពីពេលនេះតទៅ ថាខ្ញុំមិនមែនជាអ្នកវិភាគទេ ហើយខ្ញុំក៏មិនមែនជាអ្នកវិភាគនយោបាយឯករាជ្យដែរ»
លោក កែម ឡី បានគូសបញ្ជាក់ទៀតថា អ្នកធ្វើការសិក្សាស្រាវជ្រាវ មិនមែនជាអ្នកឯករាជ្យទេ គឺជាអ្នកធ្វើការស្រាវជ្រាវ អំពីតថភាពសង្គម គឺរកតែភ័ស្តុតាង អំពីការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ៕

Source: angrut.com/archives/3939

No comments